គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ក្រុមហ៊ុន Confirel មានកិត្តិយសចំពោះការប្តេជ្ញាចិត្តចំពោះគុណភាព

កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / កសិកម្ម / Author : ATH Sokren

 ក្រុមហ៊ុន​ខនហ្វីរេល​ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​អាហារ​ឈាន​មុខគេ​នៅ​កម្ពុជា​ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ផ្តល់​បណ្ណសរសើរ​ជូន​នៅ​​ក្នុង​ពិធី​ប្រារព្ធ​ទិវាស្តង់ដារពិភពលោក​ដែល​រៀប​ចំឡើង​ក្នុង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖
«ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុនៈ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន»។

ក្នុង​បណ្ណសរសើរនោះ​បាន​បញ្ជាក់​ចំពោះកិច្ចខិតខំប្រឹងប្រែង គាំទ្រ និងចូលរួមអនុវត្តស្តង់ដារកម្ពុជាប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ធ្វើឱ្យផលិតផលអនុលោមតាមការតម្រូវនៃស្តង់ដារជាតិ មានគុណភាព និងសុវត្ថិភាពសម្រាប់សុខុមាលភាពសាធារណៈ និងបរិស្ថាន របស់​ក្រុមហ៊ុន​ខនហ្វីរេល។

ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ និង​ជា​ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិបានលើកឡើងថា៖ «យើងត្រូវបង្វែរការអបអរ សាទរទិវាស្តង់ដារពិភពលោកឆ្នាំ២០២៦ នេះ ឱ្យទៅជាកម្លាំងចលករ និងយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹងប្រព័ន្ធផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតផល និងសេវាកម្មរបស់យើងឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទីផ្សារនាំចេញដែលកម្ពុជាមានសក្តានុពលក្នុងការពង្រីក និងចូលរួមប្រកួតប្រជែង»។  

ឯកឧត្តម​​បាន​បន្តថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតលើការធានាឱ្យមនុស្សគ្រប់រូបទទួលបានថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន មានចីរភាព និងទំនើប ការបង្កើនចំណែកថាមពលកកើតឡើងវិញ និងការបង្កើនប្រសិទ្ធភាពថាមពលជាសកលទ្វេដង ត្រឹម ឆ្នាំ២០៣០។ ក្នុងឆ្នាំ២០២៦ មាន​ស្តង់ដារកម្ពុជាចំនួន ១០៦ ត្រូវបានអនុម័ត ហើយរហូតមកដល់ពេលនេះ កម្ពុជាមានស្តង់ដារជាតិចំនួន ១.៣០៩ រួមទាំងស្តង់ដារពាក់ព័ន្ធនឹងថាមពលអគ្គិសនី។

ក្រុមហ៊ុនខនហ្វីរេលពិត​ជា​មានមោទនភាពយ៉ាងក្រៃលែងដែល​​ស្ថាប័ន​ថ្នាក់​ជាតិ​មួយ​នេះ​​ទទួល​ស្គាល់​ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តតាម​ស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផលខ្ពស់បំផុត។ការទទួលស្គាល់នេះ គឺជាសាក្សីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផលិត និងផ្តល់ជូនដល់​អ្នក​ប្រើប្រាស់​នូវផលិតផលមានគុណភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ដើម្បីធានាបាននូវទំនុកចិត្ត និងសុវត្ថិភាពកម្រិតសកល ក្រុមហ៊ុនខនហ្វីរេលបាននឹងកំពុងអនុវត្តយ៉ាងម៉ត់ចត់នូវស្តង់ដារជាតិ និងអន្តរជាតិល្បីៗជាច្រើនរួមមានៈ ISO - Organic Certification - GI Certificate – HACCP - GMP, ចបផ របស់​ក្រសួង​ពាណិជ្ជកម្ម និងស្តង់ដារសំខាន់ៗជាច្រើនទៀត។

រាល់ការទទួលស្គាល់លើស្តង់ដារសុវត្ថិភាពចំណីអាហារទាំងអស់នេះ ត្រូវ​បានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ និងធ្វើសវនកម្មឯករាជ្យយ៉ាងម៉ត់ចត់លើខ្សែសង្វាក់ផលិតកម្មទាំងមូល។ ទាំងអស់នេះហើយ ដែលជាមូលដ្ឋានគ្រឹះផ្តល់ទំនុកចិត្តយ៉ាងពិតប្រាកដជូនដល់អតិថិជនក្នុងការជ្រើសរើស និងទទួលទានផលិតផលលំដាប់ថ្នាក់ខ្ពស់ពី ក្រុមហ៊ុន​ខនហ្វីរេល៕